
សារនៃក្ដីសង្ឃឹម នឹងមកដល់កម្ពុជា ចំពេលមានវិបត្តិព្រំដែនដ៏ធ្ងន់ធ្ងរ
ក្រុងសៀមរាប កម្ពុជា ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ – នៅក្នុងគ្រាដ៏វឹកវរនេះ ខណៈដែលពលរដ្ឋខ្មែររាប់សែននាក់ទើបតែបានភៀសខ្លួន និងកំពុងរស់នៅប្រឈមនឹងភាពមិនច្បាស់លាស់ ព្រមទាំងការភ័យខ្លាច ខេត្តសៀមរាបកំពុងត្រៀមរៀបចំ “មហោស្រពសៀមរាបជាទីស្រឡាញ់” ជាមួយលោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ។
លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ ប្រធាន និងជានាយកប្រតិបត្តិនៃសមាគមផ្សព្វផ្សាយដំណឹងល្អ ប៊ីលី ហ្រ្គាម (BGEA) បានមានប្រសាសន៍ថា៖ «នេះគឺជាគ្រាដ៏លំបាកវេទនាសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ រាល់ទុក្ខវេទនាទាំងនេះ គឺពិតជាខ្លោចផ្សាណាស់។ ខ្ញុំចង់រំលឹកដល់អ្នកទាំងអស់គ្នាថា យើងនៅមានក្ដីសង្ឃឹម។»
លោកបានបន្តថា៖ «ខ្ញុំមកទីនេះ ដើម្បីចែករំលែកសារដែលពោរពេញដោយក្ដីសង្ឃឹមនៃព្រះគម្ពីរ និងដើម្បីអធិស្ឋានសុំសន្តិភាពដ៏យូរអង្វែង ដែលអាចកើតមានបាន តាមរយៈព្រះរាជបុត្រារបស់ព្រះជាម្ចាស់ គឺព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ។»
សមាគម BGEA កំពុងសហការជាមួយក្រុមជំនុំជាង ៤០០ ក្នុងខេត្តចំនួន ៥ ទូទាំងតំបន់ ដើម្បីរៀបចំព្រឹត្តិការណ៍រយៈពេល ២ យប់ ដែលចូលរួមដោយសេរីនេះ នៅឯព្រលានយន្តហោះខេត្តសៀមរាប(ចាស់) នាថ្ងៃទី ២៤-២៥ ខែមករា ឆ្នាំ២០២៦។ មហោស្រពនេះ ក៏នឹងមានការសម្តែងតន្ត្រីផ្ទាល់ពីសំណាក់សិល្បករក្នុងស្រុក និងសិល្បករអន្តរជាតិល្បីៗដែលធ្លាប់ឈ្នះពានរង្វាន់ ដូចជា TAYA និងក្រុម The Afters ផងដែរ។
ក្រោយពីមានការផ្ទុះជម្លោះព្រំដែនកាលពីខែមិថុនា និងខែធ្នូ ក្រុមជំនុំនានាទូទាំងខេត្តសៀមរាប បានសហការជាមួយសមាគម BGEA ដើម្បីចែកកញ្ចប់ជំនួយដែលមានដូចជា ភួយ មុង ស្បៀងអាហារ និងសម្ភារៈផ្ទះបាយ ជូនដល់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខវេទនា ដែលបានរត់គេចខ្លួនដោយមានតែខោអាវជាប់នឹងប្រាណប៉ុណ្ណោះ។
លោក ផាន់ រ៉ន និងអ្នកស្រី រិន សុក្រី ដែលជាឪពុកម្តាយទទួលបានជំនួយសង្គ្រោះដ៏ចាំបាច់នេះ បានធ្វើដំណើរយ៉ាងលំបាកបំផុតអស់រយៈពេល៣ថ្ងៃ ដើម្បីស្វែងរកសុវត្ថិភាពជាមួយកូនប្រុសតូចៗពីរនាក់របស់ពួកគាត់ បន្ទាប់ពីការបាញ់ប្រហារបានផ្ទុះឡើងនៅក្នុងភូមិទាំងកណ្តាលអធ្រាត្រ។ ពួកគាត់ស្ទើរតែមិនអាចរស់រានមានជីវិតឡើយ ហើយក៏គ្មានពេលសូម្បីតែប្រមូលសម្ភារៈប្រើប្រាស់ ឬងាកមើលផ្ទះសម្បែងដែលពួកគាត់បានខំសាងសង់នោះដែរ។
អ្នកស្រី រ៉ាជែល ឈិន ប្រធានក្រុមអធិស្ឋានសម្រាប់មហោស្រពដែលហៀបនឹងមកដល់នេះ បានមានប្រសាសន៍ថា៖ «ពួកគាត់បានបាត់បង់ក្ដីសង្ឃឹម បាត់បង់មនុស្សជាទីស្រឡាញ់ ហើយកំពុងរស់នៅក្នុងទុក្ខសោក និងការឈឺចាប់។ មានតែសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចជួសជុល និងព្យាបាលចិត្តរបស់មនុស្សឱ្យទទួលយកព្រះអង្គបាន។»
លោកគ្រូគង្វាល ទុន ឆៃ ប្រធានគណៈកម្មការរៀបចំ “មហោស្រពសៀមរាបជាទីស្រឡាញ់” ដែលរៀបនឹងមកដល់នេះ បានមានប្រសាសន៍ថា៖ «បំណងប្រាថ្នា និងការអធិស្ឋានរបស់យើង គឺចង់ឱ្យមនុស្សរាប់ពាន់នាក់នៅទីនេះ បានឮដំណឹងល្អជាលើកដំបូង ក្នុងកំឡុងពេលដែលមានតម្រូវការយ៉ាងខ្លាំងបែបនេះ ហើយបានស្គាល់នូវក្ដីសង្ឃឹមរបស់ព្រះយេស៊ូវគ្រីស្ទ។»
លោកគ្រូគង្វាល ហ្គ្រាហាំ ក៏ធ្លាប់បានចែកចាយព្រះបន្ទូលនៅទីក្រុងភ្នំពេញ កាលពីឆ្នាំ២០១៩ ផងដែរ។ កាលនោះ មានមនុស្សជិត ២៥,០០០ នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ផ្សព្វផ្សាយគ្រីស្ទបរិស័ទដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
អ្នកស្រី ហ៊ីម មេត្តា ដែលជាសមាជិកម្នាក់ក្នុងក្រុមការងារមហោស្រពភ្នំពេញជាទីស្រឡាញ់ បានមានប្រសាសន៍ថា ឥទ្ធិពលនៃព្រឹត្តិការណ៍នោះនៅតែបន្តមានរហូតមកដល់សព្វថ្ងៃ។ អ្នកស្រីបានបន្តថា៖ «ក្រោយបញ្ចប់មហោស្រព ខ្ញុំមានអារម្មណ៍ថាត្រូវបានដឹកនាំឱ្យផ្ដោតលើការបណ្តុះបណ្តាលសិស្ស។ ខ្ញុំនិងស្វាមីបានឃើញពីតម្រូវការក្នុងការបង្កើតក្រុមជំនុំថ្មី។ យើងបានចាប់ផ្តើមបណ្តុះបណ្តាលសិស្ស រួចក៏បានបង្កើតក្រុមជំនុំមួយក្នុងឆ្នាំ២០២២ ហើយកាលពីខែមុននេះ យើងបានឃើញអ្នកជឿថ្មីចំនួន ១២ នាក់ បានប្រកាសពីជំនឿរបស់ពួកគេជាសាធារណៈ។»”
មុនពេលចែកចាយព្រះបន្ទូលនៅខេត្តសៀមរាប លោកគ្រូគង្វាល ហ្គ្រាហាំ នឹងចូលរួមជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលក្នុងរាជធានីភ្នំពេញ សម្រាប់ “អាហារសាមគ្គី” ដ៏ពិសេសមួយជាមួយគ្រីស្ទបរិស័ទនៅកម្ពុជា។ ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទជាង ២,៧០០ នាក់ មកពីទាំង ២៥ ខេត្ត-រាជធានី នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមជាមួយមន្ត្រីរាជរដ្ឋាភិបាលចំនួន ៣០០ នាក់ផងដែរ។
ឯកឧត្តម អ៊ុង ម៉ូលីវណ្ណ ទីប្រឹក្សារាជរដ្ឋាភិបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «អាហារសាមគ្គីនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ការពង្រឹងទំនាក់ទំនង និងមិត្តភាពរវាងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ និងរាជរដ្ឋាភិបាល។ វាគឺជាពេលវេលាមួយសម្រាប់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ ក្នុងការរួមគ្នាអធិស្ឋានសុំព្រះជាម្ចាស់ប្រទានពរជ័យដល់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវការណែនាំ និងប្រាជ្ញាស្មារតី ក្នុងការដឹកនាំប្រទេសជាតិក្នុងអំឡុងពេលនៃវិបត្តិនេះ។»
លោកគ្រូគង្វាល ហ្គ្រាហាំ យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា ហើយនេះគឺជាលើកទី៤ ហើយដែលលោកបានមកកាន់ខេត្តសៀមរាប។
ក្រៅពីការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទតាមរយៈសមាគម BGEA លោកក៏ជាប្រធានអង្គការសាម៉ារីតាន់ស៍ ភើស (Samaritan’s Purse) ផងដែរ ដែលជាអង្គការគ្រីស្ទបរិស័ទផ្នែកសង្គ្រោះ និងអភិវឌ្ឍន៍អន្តរជាតិ ដែលបានបំពេញការងារនៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ អង្គការបានផ្តល់នូវកម្មវិធីបណ្តុះបណ្តាលនិងការកសាងជីវភាព កសិកម្ម សេវាវេជ្ជសាស្ត្រ ការអប់រំ ការបណ្តុះបណ្តាលអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ទឹកស្អាត កម្មវិធីអាហារូបត្ថម្ភ និងការសាងសង់សាលារៀនបានចំនួន ៥០ ខ្នង។
អង្គការសាម៉ារីតាន់ស៍ ភើស កំពុងជួយដល់គ្រួសារដែលត្រឡប់ទៅកាន់សហគមន៍តាមព្រំដែនដែលត្រូវបានបំផ្លិចបំផ្លាញវិញ ដើម្បីកសាងជីវភាព និងស្តារសេដ្ឋកិច្ចគ្រួសាររបស់ពួកគេឡើងវិញ។ អង្គការក៏បានដំឡើងភ្លើងបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ និងបង្គន់អនាម័យនៅក្នុងជំរុំ ព្រមទាំងបានចែកជូននូវតង់កៅស៊ូ ភួយ និងកញ្ចប់សម្ភារៈអនាម័យដល់ជនភៀសសឹកផងដែរ។ កុមាររាប់ពាន់នាក់នៅក្នុងជំរុំទាំងនេះ
ក៏ទទួលបានកាដូប្រអប់ដែលពោរពេញទៅដោយសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន និងប្រដាប់ក្មេងលេង ពីគម្រោង Operation Christmas Child ដែលជាកិច្ចការងារមួយផ្សេងទៀតដឹកនាំដោយលោក ហ្វ្រែងឃ្លីន ហ្គ្រាហាម។
ទាញយកជារូបភាពនៃសកម្មភាពផ្តល់ជំនួយ និងវីដេអូសម្រាប់ “មហោស្រពសៀមរាបជាទីស្រឡាញ់”
https://media.billygraham.org/love-siem-reap-festival-with-franklin-graham-khmer-press-room/
ឱកាសសម្រាប់អ្នកសារព័ត៌មាន
- អ្នកសារព័ត៌មានត្រូវបានគោរពអញ្ជើញឱ្យចូលរួមក្នុងមហោស្រពនេះ នៅឯអតីតព្រលានយន្តហោះខេត្តសៀមរាប នាថ្ងៃទី ២៤ និង ២៥ ខែមករា។ កម្មវិធីនឹងបើកទ្វារទទួលអ្នកចូលរួមចាប់ពីម៉ោង ៤:៣០ រសៀលតទៅ។
- អ្នកសារព័ត៌មានក៏អាចចូលរួមក្នុងកម្មវិធី “អាហារសាមគ្គីជាមួយគ្រីស្ទបរិស័ទនៅកម្ពុជា” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ២២ ខែមករា ផងដែរ។ កម្មវិធីនឹងបើកទ្វារទទួលអ្នកចូលរួមចាប់ពីម៉ោង ៨ ព្រឹកតទៅ។
- លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ នឹងផ្តល់បទសម្ភាសន៍នៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ។ ព័ត៌មានលម្អិតអំពីឱកាសទាំងនេះ នឹងត្រូវជម្រាបជូនក្នុងពេលឆាប់ៗខាងមុខ។
ព័ត៌មានសម្រាប់ទំនាក់ទំនងអ្នកសារព័ត៌មាន៖ ដើម្បីស្នើសុំបទសម្ភាសន៍ ឬព័ត៌មានបន្ថែម សូមទាក់ទងលោក ស៊ឺ វិស័យ តាមរយៈទូរស័ព្ទលេខ +៨៥៥ ១២ ២២៧ ៣០៨ ឬអ៊ីមែល svisai@billygraham.org។
អំពីលោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ និងសមាគមផ្សព្វផ្សាយដំណឹងល្អ ប៊ីលី ហ្គ្រាហាំ (BGEA)
សមាគមផ្សព្វផ្សាយដំណឹងល្អ ប៊ីលី ហ្គ្រាហាំ (BGEA) ត្រូវបានបង្កើតឡើងដោយលោក ប៊ីលី ហ្គ្រាហាំ ក្នុងឆ្នាំ១៩៥០ ដើម្បីចែករំលែកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅជុំវិញពិភពលោក។ លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយដំណឹងល្អជាលើកដំបូងរបស់លោកក្នុងឆ្នាំ១៩៨៩ ហើយចាប់តាំងពីពេលនោះមក លោកបានចែកចាយព្រះបន្ទូលក្នុងកម្មវិធីផ្សព្វផ្សាយជាង ៣៤៥ លើក ក្នុងប្រទេសចំនួន ៥៥។
កាលពីឆ្នាំមុន លោកគ្រូគង្វាល ហ្គ្រាហាម បានប្រកាសពីក្ដីសង្ឃឹមរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងទីក្រុងប៊ុយណូស៊ែ (អាហ្សង់ទីន) ទីក្រុងព្រុចសែល (ប៊ែលហ្សិក) ទីក្រុងឡុងដ៍ (អង់គ្លេស) និងទីក្រុងអាឌីសអាបេបា (អេត្យូពី)។ លោកនឹងចែកចាយដំណឹងល្អក្នុងខេត្តសៀមរាប ទីក្រុងអ៊ុយសួអៃយ៉ា (អាហ្សង់ទីន) ទីក្រុងលីម៉ា (ប៉េរូ) ទីក្រុងម៉ាឌ្រីដ (អេស្ប៉ាញ) និងទីក្រុងមែនឆេស្ទ័រ (អង់គ្លេស) ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ លោក ហ្វ្រែងឃ្លីន ហ្គ្រាហាម ក៏រំពឹងទុកក្នុងការកោះប្រជុំមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិកស្តីពីការផ្សព្វផ្សាយដំណឹងល្អ (Asian-Pacific Congress on Evangelism) នៅខែសីហា ឆ្នាំ២០២៧ ដែលនឹងនាំមកនូវថ្នាក់ដឹកនាំគ្រីស្ទបរិស័ទចំនួន ២,៥០០ នាក់ មកពីប្រទេស និងតំបន់ជាង ៥០ នៅទូទាំងអាស៊ី ទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
