លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ ចែករំលែកនូវសារនៃក្ដីសង្ឃឹមដ៏មានអានុភាព ជូនដល់មហាជនយ៉ាងច្រើនកុះករ ក្នុងព្រឹត្តិការណ៍ «មហោស្រពសៀមរាបជាទីស្រឡាញ់»។

មហាជនសរុបជាង ២៧,០០០ នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍រយៈពេលពីរយប់នេះ នៅបរិវេណអាកាសយានដ្ឋានចាស់ក្នុងខេត្តសៀមរាប។

ក្រុងសៀមរាប, ប្រទេសកម្ពុជា, ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ — ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាង ១,០០០ ឆ្នាំរបស់ខ្លួន ក្រុងបុរាណសៀមរាបបានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីផ្សាយដំណឹងល្អទ្រង់ទ្រាយធំមួយនៅចុងសប្តាហ៍នេះ។ ប្រជាជនកម្ពុជារាប់ពាន់នាក់ ដែលមិនធ្លាប់បានឈានជើងចូលក្នុងក្រុមជំនុំពីមុនមក បានសម្រុកមកជួបជុំគ្នាយ៉ាងកុះករនៅបរិវេណអាកាសយានដ្ឋានចាស់ក្នុងខេត្តសៀមរាប ជាទីដែលពួកគេបានឮនូវសារនៃក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។

«អ្នកប្រហែលជាមានអារម្មណ៍ថា ជីវិតរបស់អ្នកមិនសំខាន់នោះទេ ប៉ុន្តែអ្នកពិតជាមានសារៈសំខាន់ណាស់ចំពោះព្រះជាម្ចាស់។ ព្រះអង្គគឺជាអ្នកបង្កើតអ្នកមក ហើយព្រះអង្គស្រឡាញ់អ្នកខ្លាំងណាស់!» នេះគឺជាប្រសាសន៍របស់លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ ប្រធាន និងជានាយកប្រតិបត្តិនៃសមាគមផ្សាយដំណឹងល្អ ប៊ីលីហ្គ្រាហាំ (BGEA) ដែលបានថ្លែងទៅកាន់មហាជន។ លោកបានបន្តថា៖ «ព្រះជាម្ចាស់បានបញ្ជូនព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីមកសង្គ្រោះយើងពីបាបកម្ម។ ព្រះយេស៊ូវអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន ព្រះអង្គអាចផ្ដល់ឱ្យអ្នកនូវជីវិតអស់កល្បជានិច្ច ប៉ុន្តែអ្នកត្រូវតែមានចិត្តចង់លះបង់ចោលនូវអំពើបាប ហើយដាក់សេចក្តីជំនឿ និងការទុកចិត្តរបស់អ្នកទៅលើព្រះអង្គវិញ។»

លោកគ្រូគង្វាល ហ្គ្រាហាំ បានអញ្ជើញមកកាន់ក្រុងសៀមរាប តាមការអញ្ជើញរបស់ក្រុមជំនុំក្នុងតំបន់ ហើយលោកបានសហការជាមួយក្រុមជំនុំជិត ៤៧៥ មកពីទូទាំងក្រុងសៀមរាប និងបណ្ដាខេត្តជុំវិញចំនួនប្រាំផ្សេងទៀត សម្រាប់ព្រឹត្តិការណ៍ «មហោស្រពសៀមរាបជាទីស្រឡាញ់»។

នេះគឺជាដំណើរទស្សនកិច្ចលើកទី៦ របស់លោកគ្រូគង្វាល ហ្គ្រាហាំ មកកាន់ប្រទេសកម្ពុជា ហើយកាលពីដើមសប្តាហ៍នេះ លោកបានចូលរួមជាមួយថ្នាក់ដឹកនាំក្រុមជំនុំចំនួន ២,៧០០ នាក់ មកពីគ្រប់ខេត្តក្រុងទាំង ២៥ ក្នុងរាជធានីភ្នំពេញ ក្នុងកម្មវិធីអាហារសាមគ្គីពិសេសមួយជាមួយមន្ត្រីរាជរដ្ឋាភិបាលចំនួន ១០០ រូប។ លោក ហ្គ្រាហាំ បានសម្តែងនូវការភ្ញាក់ផ្អើលចំពោះការរីកចម្រើន និងការអភិវឌ្ឍដែលលោកបានឃើញដោយផ្ទាល់ភ្នែកនៅក្នុងរាជធានី ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានគាំទ្រដល់ក្រុមជំនុំនៅតាមបណ្តាខេត្តនានា មុនពេលដែលលោក និងក្រុមគ្រូគង្វាលបានអធិស្ឋានជូនពរដល់ថ្នាក់ដឹកនាំប្រទេស។

នៅក្រុងសៀមរាបនាចុងសប្តាហ៍នេះ ក្បួនរថយន្តក្រុងជិត ៦០០ គ្រឿង បានដឹកជញ្ជូនមហាជនមកកាន់អាកាសយានដ្ឋានចាស់ ជាទីដែលលោក ហ្គ្រាហាំ បានអញ្ជើញមនុស្សជាង ២៧,០០០ នាក់ ដែលមានវត្តមាននៅទីនោះ ឱ្យលះបង់ចោលនូវអំពើបាប ហើយដាក់សេចក្តីជំនឿ និងការទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ។ មនុស្សរាប់រយនាក់បានឆ្លើយតបទៅនឹងសារដំណឹងល្អ រួមទាំងលោក សុខឡៃ ជា ដែលជាជនអនាថាម្នាក់រស់នៅតំបន់ព្រៃចាន់ ដែលធ្លាប់បានជម្លៀសខ្លួនក្នុងអំឡុងពេលមានជម្លោះព្រំដែន។

«នៅពេលដែលខ្ញុំត្រូវបានគេជួយសង្គ្រោះចេញពីភូមិព្រៃចាន់ ខ្ញុំគិតថាគឺព្រះជាម្ចាស់ហើយដែលបានជួយសង្គ្រោះខ្ញុំ។ លុះពេលខ្ញុំមកដល់ខេត្តសៀមរាប ហើយបានជួបលោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ គាត់បានណែនាំខ្ញុំឲ្យស្គាល់ព្រះយេស៊ូវ ដែលជាព្រះអាទិករតែមួយគត់។ ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា គឺព្រះយេស៊ូវហើយដែលបានសង្គ្រោះខ្ញុំ ហើយទ្រង់បានចាត់រាស្ត្ររបស់ទ្រង់ឲ្យមកជួយសង្គ្រោះខ្ញុំពីសង្គ្រាម»។ នេះជាសម្តីរបស់លោក សុខឡៃ ជា។

ក្រុមជំនុំនានាដែលបានអញ្ជើញលោកគ្រូគង្វាល ហ្គ្រាហាំ ឲ្យមកចែកចាយព្រះបន្ទូល កំពុងចាប់ផ្ដើមរួមដំណើរដូចជា លោក សុខឡៃ និងមនុស្សរាប់រយនាក់ផ្សេងទៀត ដែលបានសម្រេចចិត្តទទួលជឿលើព្រះគ្រីស្ទនៅចុងសប្តាហ៍នេះ។

លោកគ្រូគង្វាល ហុង ចាន់ណារ៉ុម ដែលជាគ្រូគង្វាលនៃក្រុមជំនុំមួយក្នុងក្រុងព្រះសីហនុ បានធ្វើដំណើរជាង ៥០០ គីឡូម៉ែត្រ ដើម្បីមកចូលរួមក្នុងកម្មវិធីនេះ។ លោកបានមានប្រសាសន៍ថា៖ «សារដំណឹងល្អពិតជាច្បាស់លាស់ និងងាយយល់បំផុតសម្រាប់ប្រជាជនទូទៅ។ ហើយវាពិតជាអស្ចារ្យណាស់ដែលបានឃើញយុវជនយ៉ាងច្រើនកុះករឆ្លើយតបទៅនឹងដំណឹងល្អនេះ! នេះមានអត្ថន័យធំធេងណាស់សម្រាប់អនាគតនៃប្រទេសជាតិរបស់យើង»។

លោកគ្រូ ម៉ៅ ដែលជាអ្នកបកប្រែផ្ទាល់ជូនលោកគ្រូគង្វាល ហ្គ្រាហាំ និងជានាយកអង្គការគ្រីស្ទបរិស័ទមួយផងនោះ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះគឺជាការលើកទឹកចិត្តយ៉ាងខ្លាំងដល់ក្រុមជំនុំនានា៖ «មហាជនមានការបើកចិត្តយ៉ាងខ្លាំងក្នុងការទទួលយកនូវដំណឹងល្អដ៏មានអានុភាព និងសាមញ្ញបំផុតនេះ។ យើងមានសេចក្តីត្រេកអរយ៉ាងខ្លាំងចំពោះវត្តមានដ៏ច្រើនកុះកររបស់បងប្អូនដែលបានមកចូលរួម។ ចំនួនអ្នកចូលរួមគឺច្រើនលើសពីអ្វីដែលយើងបានរំពឹងទុកទៅទៀត»។

ព្រឹត្តិការណ៍ «មហោស្រពសៀមរាបជាទីស្រឡាញ់» ត្រូវបានរៀបចំឡើងដោយមិនមានការបង់ប្រាក់ឡើយ ហើយសាធារណជនគ្រប់រូបត្រូវបានអញ្ជើញឲ្យចូលរួមដោយសេរី។ កម្មវិធីនេះក៏មានការសម្ដែងតន្ត្រីបន្តផ្ទាល់ពីសិល្បករកម្ពុជា រួមមាន លោក ស៊ីម ច័ន្ទពន្លឺ ក្រុមជំនុំ United Siem Reap Worship និងក្រុម One Voice Worship ព្រមទាំងមានការចូលរួមពីតន្ត្រីករលំដាប់អន្តរជាតិដែលធ្លាប់ទទួលបានពានរង្វាន់ គឺកញ្ញា TAYA និងក្រុម The Afters ផងដែរ។

បញ្ចប់

ទាញយកសមិទ្ធផលរូបភាព និងវីដេអូ៖ Media.BillyGraham.org/love-siem-reap-festival-with-franklin-graham-press-room/

ព័ត៌មានទំនាក់ទំនងសម្រាប់សារព័ត៌មាន៖ លោក ស៊ឺ វិស័យ តាមរយៈលេខទូរស័ព្ទ +855 12 227 308 ឬអ៊ីមែល svisai@billygraham.org

អំពីលោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ និងសមាគមផ្សាយដំណឹងល្អ ប៊ីលីហ្គ្រាហាំ (BGEA)

សមាគមផ្សាយដំណឹងល្អ ប៊ីលីហ្គ្រាហាំ (BGEA)ត្រូវបានបង្កើតឡើងដោយលោក ប៊ីលីហ្គ្រាហាំ ក្នុងឆ្នាំ ១៩៥០ ដើម្បីចែករំលែកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅទូទាំងពិភពលោក។ លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ កំពុងបន្តបេសកកម្មពេញមួយជីវិតរបស់ឪពុកលោក គឺលោក ប៊ីលីហ្គ្រាហាំ ដែលធ្លាប់បានចែករំលែកព្រះបន្ទូលជូនដល់មនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ បានចែករំលែកសារនៃក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ជាលើកដំបូងនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ ២០១៩ ដែលជាព្រឹត្តិការណ៍គ្រីស្ទបរិស័ទដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ព្រឹត្តិការណ៍នោះបានបង្កើតឲ្យមានឥទ្ធិពលយ៉ាងខ្លាំងដល់ការរីកចម្រើននៃក្រុមជំនុំ ហើយមនុស្សជាច្រើនដែលបានផ្លាស់ប្តូរជីវិតក្នុងអំឡុងពេលនោះ បានសហការជាមួយលោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ និង BGEA ដើម្បីនាំយកដំណឹងល្អមកកាន់ទឹកដីខេត្តសៀមរាបនាពេលនេះ។

លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ បានរៀបចំកម្មវិធីផ្សាយដំណឹងល្អជាលើកដំបូងរបស់លោកក្នុងឆ្នាំ ១៩៨៩ ហើយចាប់តាំងពីពេលនោះមក លោកបានចែករំលែកព្រះបន្ទូលនៅក្នុងព្រឹត្តិការណ៍ជាង ៣៤៦ លើក ក្នុងប្រទេសចំនួន ៥៥។ កាលពីឆ្នាំមុន លោកគ្រូគង្វាល ហ្គ្រាហាំ បានប្រកាសពីក្ដីសង្ឃឹមនៃព្រះយេស៊ូវគ្រីស្ទនៅទីក្រុង Addis Ababa (ប្រទេសអេត្យូពី), ទីក្រុង Brussels (ប្រទេសប៊ែលហ្ស៊ិក), ទីក្រុងឡុងដ៍ (ប្រទេសអង់គ្លេស) និងទីក្រុង Buenos Aires (ប្រទេសអាហ្សង់ទីន)។ លោកក៏កំពុងទន្ទឹងរង់ចាំចែករំលែកដំណឹងល្អនៅទីក្រុង Lima (ប្រទេសប៉េរូ), ទីក្រុង Ushuaia (ប្រទេសអាហ្សង់ទីន), ទីក្រុង Madrid (ប្រទេសអេស្ប៉ាញ) និងទីក្រុង Manchester (ប្រទេសអង់គ្លេស) ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះផងដែរ។

Contact Us     Privacy
©2026 Billy Graham Evangelistic Association. BGEA is a registered 501(c)(3) non-profit organization.