
លោក Franklin Graham ទទួលស្វាគមន៍ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទកម្ពុជា និងអញ្ជើញជាកិត្តិយសជាមួយនឹងមន្ត្រីរដ្ឋាភិបាលនៅភ្នំពេញ
ភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ — លោក Franklin Graham មានកិត្តិយសក្នុងជំនួបស្វាគមន៍ និងថ្លែងអំណរគុណដល់ពួកជំនុំគ្រីស្ទបរិស័ទកម្ពុជា និងគ្រូគង្វាល ព្រមទាំងថ្នាក់ដឹកនាំពួកជំនុំជាង ២៨០០ នាក់ ដែលបានស្វាគមន៍លោកមកកាន់ទីក្រុងភ្នំពេញសម្រាប់ ពិធីអាហារសាមគ្គីជាមួយគ្រីស្ទបរិស័ទមកពីប្រទេសកម្ពុជា នៅព្រឹកនេះ។
«នេះជាលើកទី៦ របស់ខ្ញុំបានមកដល់ប្រទេសកម្ពុជា។ ដំណើរមកដល់ជាលើកដំបូងរបស់ខ្ញុំគឺជាង ២០ ឆ្នាំមុន។ នៅពេលនោះមានអគារខ្ពស់ៗតែប៉ុន្មានប៉ុណ្ណោះ។ មានការរីកចម្រើនច្រើននៅក្នុងទីក្រុងភ្នំពេញ ដែលខ្ញុំស្ទើរតែចំណាំមិនបានទេ — វាបង្ហាញពីភាពរឹងមាំរបស់ប្រជាជនកម្ពុជា» លោក Franklin Graham ប្រធាន និងជានាយកប្រតិបត្តិនៃសមាគមដំណឹងល្អ Billy Graham បានមានប្រសាសន៍ទៅកាន់អ្នកចូលរួមនៅពេលនោះ។ «ខ្ញុំបានមកនេះ ពីព្រោះខ្ញុំត្រូវបានអញ្ជើញដោយពួកជំនុំនានា ឲ្យផ្សព្វផ្សាយ និងប្រកាសដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។ វាជាកិត្តិយសណាស់ ដែលបាននៅទីនេះជាមួយថ្នាក់ដឹកនាំទាំងអស់ ដែលតំណាងឱ្យពួកជំនុំទាំងឡាយ ហើយខ្ញុំសុំថ្លែងអំណរគុណចំពោះមន្ត្រីរដ្ឋាភិបាល ដែលបានបើកចំហ និងគាំទ្រពួកជំនុំនានានៅតាមបណ្ដាខេត្តទាំងប៉ុន្មានរបស់ពួកគេ»។
មានការចូលរួមពីមន្ត្រីរដ្ឋាភិបាលកម្ពុជាចំនួន ១០០នាក់ រួមទាំងលោកស្រី Bridgette Walker ភារធារីសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅក្នុងពិធីអាហារថ្ងៃត្រង់ជាប្រវត្តិសាស្ត្រ រវាងឥស្សរជនរដ្ឋាភិបាល និងថ្នាក់ដឹកនាំពួកជំនុំ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ឯកឧត្តម សៀ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានទទួលស្គាល់នូវសារៈសំខាន់នៃពួកជំនុំ ដោយមានប្រសាសន៍ថា “គ្រីស្ទបរិស័ទនៅកម្ពុជា គឺជាចំណុចខ្លាំងមួយរបស់យើង ដើម្បីជួយដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា”។
បន្ទាប់ពីបានសម្តែងអំណរគុណចំពោះពួកជំនុំ និងរដ្ឋាភិបាល គ្រូគង្វាល លោក Graham បានស្នើសុំឱ្យគ្រូគង្វាលចូលរួមអធិស្ឋានជាមួយគ្នា សម្រាប់មន្ត្រីរដ្ឋាភិបាលទាំងអស់ ដែលដឹកនាំប្រទេសកម្ពុជា។
លោកគ្រូគង្វាល សុខឃួន បានមានប្រសាសន៍ថា លោកសូមថ្លែងអំណរគុណចំពោះឱកាសដ៏ពិសេសមួយដើម្បីជួបជុំជាមួយគ្រូគង្វាលដទៃទៀត មកពីគ្រប់ខេត្តទាំង ២៥។ “ពេលខ្លះប្រសិនបើយើងមិនបានជួបគ្រីស្ទបរិស័ទដទៃទៀត ដែលកំពុងបម្រើព្រះជាម្ចាស់ជាមួយគ្នាជារូបកាយរបស់ព្រះគ្រីស្ទ ពេលខ្លះយើងមានអារម្មណ៍ទន់ខ្សោយ និងអស់កម្លាំង។ បន្ទាប់ពីយើងជួបគ្នាបែបនេះហើយ យើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមក និងធ្វើឱ្យយើងមានដួងចិត្តឆេះឆួល ក្នុងការបម្រើព្រះជាម្ចាស់កាន់តែខ្លាំងថែមទៀត”។
លោក Graham ទន្ទឹងរង់ចាំការប្រកាសដំណឹងល្អនៅខេត្តសៀមរាប នៅចុងសប្តាហ៍នេះ តាមការអញ្ជើញរបស់ពួកជំនុំចំនួន ៤៧៥ នៅក្នុងទីក្រុងបុរាណ និងបណ្ដាខេត្តជុំវិញ។
សូមស្វាគមន៍អ្នកទាំងអស់គ្នា ចូលរួមកម្មពិធីមហោស្រពនេះដោយឥតគិតថ្លៃ និ ងជាលក្ខណៈគ្រួសារនៅឯអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅម៉ោង ៥:១៥ ល្ងាច ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយមានការសម្តែងតន្ត្រីផ្ទាល់ ពីសិល្បករ-ការិនីគ្រីស្ទបរិស័ទផ្សេងៗគ្នា ជារៀងរាល់យប់ រួមទាំង លោក ស៊ឹម ច័ន្ទពន្លឺ, ក្រុម United Siem Reap Worship Team ព្រមទាំងតារាចម្រៀងអាមេរិកដ៏ល្បីល្បាញ អ្នកនាង TAYA និងក្រុមតន្រ្តីថ្វាយបង្គំគ្រីស្ទាន The Afters។
បញ្ចប់
ទាញយករូបថត និងវីដេអូ៖ https://media.billygraham.org/love-siem-reap-festival-with-franklin-graham-press-room/
ឱកាសប្រព័ន្ធផ្សព្វផ្សាយ
- ម៉ោង ៣:៣០ រសៀល ថ្ងៃសុក្រ ទី២៣ ខែមករា៖ លោក Franklin Graham នឹងមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងបន្ទប់ Grand Room នៃ Courtyard Siem Reap Resort ដែលមានទីតាំងនៅ ផ្ទះលេខ ០៦០៩ ផ្លូវលេខ ៦A ភូមិចុងកោះ ឃុំស្លរខាំ។
- ម៉ោង ៥:១៥ ល្ងាច ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៤ និង២៥ ខែមករា៖ អ្នកសារព័ត៌មានត្រូវបានអញ្ជើញឱ្យចូលរួមមហោស្រពសៀមរាបជាទីស្រឡាញ់ នៅអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ការតភ្ជាប់សំឡេង និងកន្លែងធ្វើការនឹងត្រូវបានផ្តល់ជូន។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖ ដើម្បីស្នើសុំការសម្ភាសន៍ ឬឆ្លើយតបដើម្បីចូលរួមយកព័ត៌មានអំពី មហោស្រពសៀមរាបជាទីស្រឡាញ់ សូមទាក់ទង លោក សឿ វិសៃ តាមរយៈលេខ +៨៥៥១២២២៧៣០៨ ឬ svisai@billygraham.org ។
អំពីលោក ហ្វ្រែងគ្លីន ហ្គ្រាហាំ (Franklin Graham) និងសមាគមដំណឹងល្អ ប៊ីល្លី ហ្គ្រាហាំ
សមាគមដំណឹងល្អ Billy Graham ត្រូវបានបង្កើតឡើងដោយលោក Billy Graham ក្នុងឆ្នាំ១៩៥០ ដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ នៅជុំវិញពិភពលោក។ លោក Franklin Graham កំពុងបន្តការងារពេញមួយជីវិតរបស់លោក Billy Graham ដែលជាឪពុករបស់លោក ដែលបានផ្សព្វផ្សាយដល់មនុស្សរាប់លាននាក់នៅទូទាំងអាស៊ីអាគ្នេយ៍។ លោក Franklin Graham បានចែកចាយសារនៃសេចក្តីស្រឡាញ់របស់ព្រះជាលើកដំបូងនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០១៩ ដែលជាកម្មវិធីផ្សាយដំណឹងល្អគ្រីស្ទបរិស័ទដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ព្រឹត្តិការណ៍នេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើពួកជំនុំដែលកំពុងរីកចម្រើននៅក្នុងប្រទេស និងមនុស្សជាច្រើន ដែលជីវិតរបស់ពួកគេបានផ្លាស់ប្តូរក្នុងអំឡុងពេលនៃការផ្សាយដំណឹងល្អនោះ ហើយឥឡូវនេះ កំពុងធ្វើកិច្ចសហការជាមួយលោក Franklin Graham និង BGEA ដើម្បីផ្សព្វផ្សាយដល់ខេត្តសៀមរាបម្តងទៀតជាមួយនឹងអំណាចនៃដំណឹងល្អ។
លោក Franklin Graham បានរៀបចំ ព្រឹត្តិការណ៍ផ្សាយដំណឹងល្អលើកដំបូងរបស់លោកក្នុងឆ្នាំ១៩៨៩ ហើយចាប់តាំងពីពេលនោះមក លោកបានផ្សាយដំណឹងល្អជាង ៣៤៦ កន្លែងនៅក្នុងចំណោម ៥៥ ប្រទេស។ កាលពីឆ្នាំមុន លោក Graham បានប្រកាសពីក្តីសង្ឃឹមរបស់ព្រះយេស៊ូវគ្រីស្ទនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស និងនៅទីក្រុង ប៊ឺណូស អ៊ែរស៍ ប្រទេសអាហ្សង់ទីន។ បន្ទាប់ពីការផ្សាយដំណឹងល្អនៅសៀមរាប លោកទន្ទឹងរង់ចាំចែកចាយដំណឹងល្អនៅទីក្រុង លីម៉ា ប្រទេសពេរូ ទីក្រុង អ៊ូស៊ូវា (Ushuaia) ប្រទេសអាហ្សង់ទីន ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ និងទីក្រុង មែនឆេសស្ទ័រ (Manchester) ចក្រភពអង់គ្លេស នៅក្នុងខែខាងមុខ។
